គម្រោងគ្រប់គ្រងព្រៃឈើដោយនិរន្ដភាព និងការលើកកំពស់របរចិញ្ចឹមជីវិតនៅជនបទ តាមរយៈសហគមន៍ព្រៃឈើ និង គំនិតផ្ដួចផ្ដើមអំពីការកាត់បន្ថយការបញ្ចេញឧស្ម័នដែលបណ្ដាលមកពីការបាត់បង់ និងការរេចរឹលព្រៃឈើ (REDD) នៅកម្ពុជា (SFMRLE)

គម្រោងគ្រប់គ្រងព្រៃឈើដោយនិរន្ដភាព និងការលើកកំពស់របរចិញ្ចឹមជីវិតនៅជនបទ តាមរយៈសហគមន៍ព្រៃឈើ និង គំនិតផ្ដួចផ្ដើមអំពីការកាត់បន្ថយការបញ្ចេញឧស្ម័នដែលបណ្ដាលមកពីការបាត់បង់ និងការរេចរឹលព្រៃឈើ (REDD) នៅកម្ពុជា (SFMRLE)

សាវតាគម្រោង

 

ព្រៃឈើផ្តល់នូវផលិតផលនានា (ដូចជា ឈើហ៊ុប​ឈើបង្គោល អុស និងអនុផលនានា) ដែលគាំទ្រដល់ការចិញ្ចឹមជីវិតរបស់ប្រជាជននៅជនបទ តាមរយៈការប្រើប្រាស់ដោយផ្ទាល់ ឬតាមរយៈការលក់ដូរ ។ ព្រៃឈើបាន​ដើរតួយ៉ាងសំខាន់ក្នុងចំណោមតួនាទីដទៃទៀតក្នុងការត្រួតពិនិត្យគុណភាពទឹក ទប់ស្កាត់នូវការប្រែប្រួលអាកាសធាតុ និងផ្តល់នូវភាពសំខាន់ខាងផ្នែកវប្បធម៌ ។ តាមរយៈសហគមន៍ព្រៃឈើបានបង្ហាញឲ្យឃើញថា សហគមនមូលដ្ឋានអាចគ្រប់គ្រងធនធានព្រៃឈើយ៉ាងមានប្រសិទ្ធិភាពនៅពេលដែលកម្មសិទ្ធិត្រូវបានកំណត់ច្បាស់​លាស់​។  តាមរយៈការផ្តល់ឲ្យសហគមន៍មូលដ្ឋានជាអ្នកធ្វើ​សេចក្តីសម្រេចចិត្តក្នុងការគ្រប់គ្រងព្រៃឈើ សហគមន៍ព្រៃឈើអាចជួយឲ្យការធ្វើវិមជ្ឈការនៃការគ្រប់គ្រងធនធានព្រៃឈើមាននិរន្តភាពពិតប្រាកដ។​ ក្របខ័ណ្ឌសម្រាប់ការពង្រីកការងារសហគមន៍ព្រៃឈើបានរៀបចំឡើង (កម្មវិធីសហគមន៍ព្រៃឈើជាតិ ដែលជាកម្មវិធីទី​ ៤ នៃកម្មវិធីព្រៃឈើជាតិឆ្នាំ ២០១០-២០២៩)​ដែលមានន័យថា​ មានការរៀបចំឲ្យ​មាន​នូវការធានាសុវត្ថិភាព និងទទួលបាននូវផលប្រយោជន៍គ្រប់គ្រាន់សម្រាប់សមាជិក​​​​​សហគមន៍ ជាមួយនឹងការពិនិត្យ និងសំរួលឡើងវិញនូវក្របខ័ណ្ឌនៃបទបញ្ញតមួយចំនួន ។

 

គោលបំណងរបស់គម្រោង

 

គម្រោងមានគោលបំណងដើម្បីអភិវឌ្ឍន៍សហគមន៍ព្រៃឈើ ដែលមានការទទួលស្គាល់តាមផ្លូវច្បាប់ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យសហគមន៍អាចថែរក្សាព្រៃឈើដោយនិរន្ដភាព  និងពង្រឹងជីវភាពសមាជិកសហគមន៍តាមរយៈផលប្រយោជន៍ដែលកើតចេញពីការធ្វើពាណិជ្ជកម្ម ស្របច្បាប់នូវផលិតផលព្រៃឈើដែលបានពីការគ្រប់គ្រងព្រៃឈើដោយនិរន្ដភាព និងធានាបាននូវការរក្សាសេវាកម្មបរិស្ថានដែលបានពីព្រៃឈើ ។

 

សមាសភាគសំខាន់ៗ  និងសកម្មភាពរបស់គម្រោង

 

គម្រោងនឹងអនុវត្តក្នុងទម្រង់ជាកម្មវិធី ដែលមានសកម្មភាពច្រើន ​ និងភាពជាដៃគូជាមួយអង្គការនានា សកម្មភាពដ៏ច្រើនរបស់គម្រោងនឹងអាចអនុវត្តនៅតាមខ័ណ្ឌគោលដៅដែលអាចធ្វើទៅបាន៖

 

សមាសភាគទី១៖ កម្មវិធីបណ្តុះបណ្តាល

 

 • រៀបចំឯកសារបណ្តុះបណ្តាល
 • បណ្តុះបណ្តាលគ្រូបង្គោល រដ្ឋបាលព្រៃឈើ អង្គការ និងសហគមន៍នានា

 

សមាសភាគទី ២៖ ការរៀបចំអភិវឌ្ឍផែនការសហគមន៍ព្រៃឈើនៅខ័ណ្ឌរដ្ឋបាលព្រៃឈើ

 

 • ប្រមូលព័ត៌មាននានាសម្រាប់ការកំណត់តំបន់សក្តានុពល សហគមន៍ព្រៃឈើ
 • រៀបចំលក្ខណៈវិនិច្ឆ័យសម្រាប់ការចាត់អាទិភាពសហគមន៍សម្រាប់​ការពិភាក្សាតំបន់សក្តានុពលសហគមន៍ព្រៃឈើ និងគោលការណ៍ណែនាំនានា
 • សិក្សាស្រាវជ្រាវព័ត៌មានគោលស្តីពី (ព្រៃឈើ ការចិញ្ចឹមជីវិត ចំណូល សេដ្ឋកិច្ច សង្គម ។ល។)
 • រៀបចំផែនការអភិវឌ្ឍសហគមន៍ព្រៃឈើតាមខ័ណ្ឌរដ្ឋបាលព្រៃឈើ
 • កំណត់តំបន់សក្តានុពលសហគមន៍ព្រៃឈើ រៀបចំបង្កើត កំណត់ ព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង អនុវត្ត និងគ្រប់គ្រង ព្រមទាំងគ្រប់គ្រងទំនាស់ ។
 • អភិវឌ្ឍន៍ស្ថាប័នសហគមន៍ព្រៃឈើ
 • អភិវឌ្ឍន៍សហគ្រាសសហគមន៍
 • សេវាកម្មបរិស្ថាន និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ បណ្តុះបណ្តាល និងបង្កើនការយល់ដឹងអំពីការកាត់បន្ថយការសាយភាយឧស្ម័នដែលបណ្តាលមកពីការបាត់បង់ និងការរេចរិលព្រៃឈើ
 • អភិវឌ្ឍជនបទ និងជម្រើសនានានៃការចិញ្ចឹមជីវិតរួមមានទាំងសុវុឌ្ឍិកម្មព្រៃឈើ និងការបង្កើនប្រសិទ្ធភាពថាមពលចង្រ្កាន

 

សមាសភាគទី៣៖ ការគ្រប់គ្រងព័ត៌មានស្តីពីសហគមន៍ព្រៃឈើ

 

 • គាំទ្រដល់ដល់គណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ជាតិ និងថ្នាក់ខេត្ត ការតាមដានត្រួតពិនិត្យសហគមន៍ព្រៃឈើ គ្រប់គ្រងប្រព័ន្ធព័ត៌មាន GIS, និងគេហទំព័រ
 • ផ្សព្វផ្សាយពីគោលនយោបាយ និងគោលការណ៍ច្បាប់នានាស្តីពីសហគមន៍ព្រៃឈើ
 • រៀបចំព្រឹត្តប័ត្រពត៌មាន និងសម្ភារៈផ្សព្វផ្សាយនានា

 

សមាសភាគទី ៤៖  បណ្តាញការងារសហគមន៍ព្រៃឈើ

 

 • គាំទ្របណ្តាញការងារសហគមន៍ព្រៃឈើនៅថ្នាក់ឃុំ ខេត្ត និងជាតិ

 

សមាសភាគទី ៥៖ រៀបចំគោលនយោបាយសហគមន៍ព្រៃ

 

 • ពិនិត្យឡើងវិញនូវគោលនយោបាយ លិខិតបទដ្ឋានច្បាប់នានា និង
 • ផ្តល់នូវអនុសាសន៍សម្រាប់ការរៀបចំគោលនយោយបាយសម្រាប់គាំទ្រដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើ

 

លទ្ធផលរបស់គម្រោង គម្រោងមានមានការរំពឹងទុកថានឹងសម្រេចបាននូវលទ្ធផលសំខាន់​ៗ​​ ដូចខាងក្រោម ៖

 

 • សមាជិកសហគមន៍ទទួលបានការបណ្ដុះបណ្ដាលអំពី គោលការណ៍គ្រឹះនៃសហគមន៍ព្រៃឈើ និងចូលរួមអនុវត្ដសកម្មភាព។
 • សហគមន៍ព្រៃឈើច្រើនជាង ២០០បានចុះកិច្ចព្រមព្រៀង ធនធានព្រៃឈើត្រូវបានថែរក្សា ហើយ ផែនការគ្រប់គ្រងព្រៃសហគមន៍ទទួលបានការអនុម័ត និងអនុវត្ដដោយនាំទៅរកការចាត់វិធានការដើម្បីបង្កើនជីវភាពសមាជិកសហគមន៍ និងមានការផលិតស្របច្បាប់នូវផលិតផលពីព្រៃឈើ ដាក់លក់នៅទីផ្សារ។
 • បណ្ដាញសហគមន៍ព្រៃឈើមានដំណើរការល្អ ដែលគាំទ្រសមាជិក​របស់ខ្លួននិងដែលមានឥទ្ធិពលមកលើគោលនយោបាយសហគមន៍ព្រៃឈើជាតិ
 • មេរៀនដែលទទួលបានត្រូវបានចងក្រងជាឯកសារ និងមានឥទ្ធិពលមកលើការកែសម្រួលក្របខ័ណ្ឌច្បាប់សម្រាប់សហគមន៍ព្រៃឈើ និងការធ្វើឲ្យប្រសើរឡើងនូវការអនុវត្ត ។

 

រយៈពេលនៃការអនុវត្តគម្រោង 

 

គម្រោងនេះមានរយៈពេល ៤៨ ខែ (ចាប់ផ្តើមពីថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ ២០១0 បញ្ចប់នៅថ្ងៃទី 29​ខែ ធ្នូ ឆ្នាំ ២០១៤)

 

ដៃគូគម្រោង

 

 • Oxfam (GB) 
 • រដ្ឋបាលព្រៃឈើ

 

តំបន់គោលដៅអនុវត្តគម្រោង

 

គម្រោងនឹងគាំទ្រការអភិវឌ្ឍសហគមន៍ព្រៃឈើជាង ២០០សហគមន៍ក្នុងខ័ណ្ឌរដ្ឋបាលព្រៃឈើចំនួន ៧​ ដែលមាន ៩ខេត្ត គឺខេត្តកំពត ខេត្ត តាកែវ ខេត្តកែប ខេត្តពោធិ៍សាត់​ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនៈគីរី ។

 

ទំនាក់ទំនងនឹងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់រាជរដ្ឋាភិបាលកម្ពុជា

 

គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី១៖ ​“បញ្ឈប់នូវភាពក្រីក្រ និងភាពអត់ឃ្លាន”

គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៧៖ ​“បរិស្ថានមាននិរន្តភាព”