គម្រោងកសាងសមត្ថភាពក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពតាមរយៈការអភិវឌ្ឍន៍ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ និង សហគមន៍តំបន់ការពារធម្មជាតិ (SFM)

គម្រោងកសាងសមត្ថភាពក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពតាមរយៈការអភិវឌ្ឍន៍ផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ និង សហគមន៍តំបន់ការពារធម្មជាតិ (SFM)

សាវតាគម្រោង

តំបន់ទេសភាពជួរភ្នំក្រវាញភាគខាងជើងគ្របដណ្តប់លើ ​ខេត្ត តំបន់គោលដៅ (ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្ត​ពោធិ៍សាត់) គឺជាតំបន់ ដែលសំបូរ​ទៅ​ដោយ​​ព្រៃឈើនឹងជា​ជម្រក​​នៃ​ជីវៈ​ចំរុះ​គ្រប់ប្រភេទ (ស្ថិត​ចំ​កណ្តាល​ព្រៃ​ទឹក​ភ្លៀង​ជួរ​ភ្នំ​ក្រវាញ) ហើយ​ក៏ជាតំបន់​ដ៏​សំខាន់​​សម្រាប់ផ្ទុក​កាបូន ប៉ុន្តែ​តំបន់​នេះកំពុងទទួលរងនូវ​ការគំរាម​កំហែង​ធ្ងន់ធ្ងរផងដែរ។ គម្រោងនឹង​បង្កើត​នូវ​ឱកាស​ក្នុងការកាត់បន្ថយនូវ​ការកាប់​បំផ្លាញ​ព្រៃឈើ ព្រម​ទាំង​រួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​តាម​រយៈការគ្រប់​គ្រង​ព្រៃឈើ​ប្រកបដោយនិរន្តរភាព។​ កត្តា​សំខាន់ដែល​នាំឲ្យ​មាន​ការ​គំរាម​កំហែង​​ទាំងអស់នេះ គឺបណ្តាលមកពី​ការ​ប្រើ​ប្រាស់​​​ធនធាន​​ព្រៃ​ឈើ​ជាសាធារណៈ អភិបាលកិច្ចនៅមានកំរិត និងតំរូវ​ការ​ប្រើប្រាស់ដី​ធ្លី និងផលិតផល​ព្រៃឈើមានកំរិតខ្ពស់។ បញ្ហាសំខាន់​ដែល​គម្រោងត្រូវធ្វើការឆ្លើយតបគឺ​ ប្រធានបទ​នៃការ​រេចរឹល និង​ការ​បាត់​បង់​ព្រៃឈើនៅកម្ពុជា ដែលបណ្តាលមកពី​កង្វះ​ខាត​នូវ​សមត្ថភាព និង​ការលើកទឹកចិត្តដល់រដ្ឋាភិបាល និងប្រជាជន​ក្នុង​ការ​ធានា​នូវ​ការ​គ្រប់គ្រងធនធានឲ្យមាននិរន្តរភាព​(ឯក​សារ​គម្រោង SFM ២០១១)។

 

គោលបំណងរបស់គម្រោង

 • ធ្វើផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ រួមទាំងផែនការ​អាជីវកម្ម​​​សហគមន៍ព្រៃឈើចំនួន៣០សហគមន៍ និង​ផែនការ​គ្រប់គ្រង​​សហ​គមន៍តំបន់​ការពារធម្មជាតិ​ចំនួន១០សហគមន៍ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​០៤​។

 • សាកល្បងគំរូផ្សេងៗទៀតនៃសហគមន៍​ព្រៃឈើ​​០៤ (សហ​​គមន៍ព្រៃការពារ សហគមន៍ព្រៃផ្តល់​ផល និងព្រៃឈើ​ដៃគូ)។

 • ធ្វើផែនការប្រើប្រាស់ដីធ្លីថ្នាក់ឃុំ​ចំនួន០៤ឃុំ (១ឃុំ ក្នុង​១​ខេត្ត)។

 • ធ្វើសច្ចាប័ន ស្តីពីគោលការណ៍ណែនាំបង្កើតសហគមន៍តំបន់ ការពារធម្មជាតិ។

 

លទ្ធផលរបស់គម្រោង

១. នៅថ្នាក់ជាតិមានសមត្ថភាព និង ឧបករណ៍សំភារៈដើម្បី​សម្រួល និងពង្រីក​ការអនុវត្តការគ្រប់គ្រងធនធានព្រៃឈើ​​​ប្រកប​ដោយ និរន្តរភាពដោយផ្អែកលើសហគមន៍។

២.​  ការគ្រប់គ្រង​ព្រៃឈើប្រកបដោយនិរន្តរភាព ដោយផ្អែក​លើ​សហគមន៍​នឹង​​ត្រូវ​បាន​អនុវត្តន៍ដោយមានប្រសិទ្ធិភាពជា​មួយ​បរិបទ​​រដ្ឋបាល​ព្រៃឈើ​ថ្នាក់ខណ្ឌ/ខេត្ត ការធ្វើផែន​ការ​ថា្នក់ឃុំ​ និង​​​ស្រុក ហើយ​ត្រូវ​ប្រាកដ​ថា ប្រជាសហគមន៍​មូលដ្ឋានទទួល​បាន​​អត្ថប្រយោជន៍​​ពី​គម្រោង​។

 

សមាសធាតុសំខាន់ៗ ដើម្បីសម្រេចបាននូវលទ្ធផល​គម្រោង

 •  វីធីសាស្រ្តនៃការធ្វើសមាហរ័ណកម្មនៃតំបន់ទេសភាពក្នុងការជ្រើសរើសតំបន់គោលដៅ។

 • ក្រុមជំនាញដែលផ្តោតទៅលើការកសាងសមត្ថភាព និង​ការ​គាំទ្រ​​ផ្នែកបច្ចេកទេស គោលនយោបាយ ច្បាប់ ដើម្បីទ្រទ្រង់​នូវ​ការ​សម្រេចបាននូវលទ្ធផល ដោយមានការគាំទ្រពីអង្គការ​ RECOFTC។

 • វិធីសាស្រ្តនៃការបង្កើតសហគ្រាស ដោយផ្សារភ្ជាប់ជាមួយ វិស័យឯកជន និងទីផ្សារ ដើម្បី​លើកស្ទួយដល់ការរកប្រាក់ ចំណូលប្រជា​សហ​គមន៍។

 • កិច្ចសហការ និងទំនាក់ទំនងទៀងទាត់ជាមួយដៃគូ និងការ​រៀបចំឯកសារស្តីអំពីការអនុវត្តន៍ និងមេរៀនល្អៗ។

 • ការបញ្ចូលនូវសមាសភាគទូទៅនៅក្នុងសង្គម និងការ​បញ្ជ្រាប​យែនឌ័រ។

 

សមាសភាគ និង សកម្មភាពសំខាន់ៗ របស់គម្រោង៖

 •  សមាសភាគទី១.​ ការបង្កើតព័ត៌មានមូលដ្ឋាន៖  ប្រមូលព័ត៌មាន បង្កើតបណ្តុំព័ត៌មានមូលដ្ឋាន និងថែរក្សា​ទុកដាក់​ព័ត៌មានមូលដ្ឋាន។

 • សមាសភាគទី២. ការកសាងសមត្ថភាពដល់ (ការបណ្តុះ​បណ្តាល​ដើម្បី​ធ្វើសកម្មភាព) មន្ត្រីរដ្ឋបាលព្រៃឈើ មន្រ្តីមន្ទីរ​​បរិស្ថាន មន្រ្តីមន្ទីររៀបចំដែនដី នគរូបនីកម្ម​ សំណង់ និង សុរិយោដី មន្រ្តីឧទ្យានជាតិ គណៈកម្មការគ្រប់គ្រងសហគមន៍​ព្រៃឈើ គណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្ម​ជាតិ និងដៃគូពាក់ព័ន្ធផ្សេងៗទៀត៖

 • វិធីសាស្រ្តគ្រប់គ្រង និងការអភិរក្ស​ព្រៃឈើដោយ​ផ្អែក​លើ​សហគមន៍។

  • ការធ្វើផែនការគ្រប់គ្រងព្រៃឈើ។

  • ការគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

  • និរន្តរភាពហិរញ្ញាវត្ថុ។

 • សមាសភាគទី៣. ការធ្វើផែនការប្រើប្រាស់ដីធ្លីថ្នាក់ឃុំ (CLUP)៖ រៀបចំផ្តល់ការបណ្តុះបណ្តាលស្តីពី CLUP នៅថ្នាក់ខេត្ត និង​ ចាប់ផ្តើមអនុវត្តន៍​ផែនការ CLUP ។

 • សមាសភាគទី៤. គំរូផ្សេងៗទៀត នៃសហគមន៍ព្រៃឈើ៖ បង្កើត និងអនុវត្តន៍នូវ​គំរូផ្សេងៗទៀត នៃសហគមន៍ព្រៃឈើ ដោយ​​រៀបចំនូវរចនា​សម្ព័ន្ធ​គ្រប់​គ្រងនិងផែនការ​គ្រប់​គ្រង​

 • សមាសភាគទី៥.​ សមាហរ័ណកម្មផែនការអាជីវកម្ម និង ទីផ្សារ បញ្ចូលទៅក្នុងផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ៖

  • រៀបចំផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ និងសហគមន៍​តំបន់​ការពារធម្មជាតិ។

  • អភិវឌ្ឍន៍សហគ្រាស ការរៀបចំធ្វើផែនការគ្រប់គ្រង​សហ​គមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ និងការ​អភិវឌ្ឍផែន​ការ​អាជីវកម្មដោយផ្អែកលើការវិភាគទីផ្សារ។

  • ការចូលរួមត្រួតពិនិត្យ និងវាយតំលៃ។

 • សមាសភាគទី៦. ការចងក្រងឯកសារ និង មេរៀន​បទ​ពិសោធន៍​ការងារ

  • ប្រើប្រាស់បទពិសោធន៍ការងារតាមតំបន់គោលដៅ ដើម្បី​ចង​ក្រង​មេរៀន​បទពិសោធន៍ការងារ និងជាគោល​ការណ៍​សម្រាប់ធ្វើការ​អំណះអំណាច

  • ការគាំទ្រដល់ទីភ្នាក់ងាររដ្ឋាភិបាលឲ្យត្រួតពិនិត្យឡើង​វិញ នូវការព្រៀងច្បាប់ពាក់ព័ន្ធ។

 • សមាសភាគទី៧. យុទ្ធសាស្រ្តហិរញ្ញាវត្ថុដើម្បីគាំទ្រគម្រោង គ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព៖ ការបង់សេវាកម្មអេកូស៊ី និងចូលរួមកាត់បន្ថយការ​បំភាយ​​ឧស្ម័នផ្ទះ​កញ្ចាក់ ដែលបណ្តាលមកពីការ​កាប់​បំផ្លាញ​និង​ការរេចរឹលព្រៃឈើ រួមទាំងការគាំ​ទ្រដល់​ប្រាក់​ចំណូល​ក្នុង​សហគមន៍។

 • សមាសភាគទី៨. ការផ្សព្វផ្សាយ និងការធ្វើសច្ចាប័ន៖ រៀបចំបង្កើតមូលដ្ឋានគ្រឹះមួយសម្រាប់ធ្វើជាគំរូ និង​ការ អនុវត្តដ៏ល្អដោយផ្សារភ្ជាប់នឹងនិរន្តរ​ភាព​នៃ​គម្រោង

 • សមាសភាគទី៩. យុទ្ធសាស្រ្តដកថយដោយផ្អែក​លើការ​សម្រប​សម្រួល​ពីភាគីពាក់ព័ន្ធ៖

  • ផ្តល់ការណែនាំទៅ​លើ​យុទ្ធសាស្រ្តឲ្យបានត្រឹមត្រូវ​តាម​លំដាប់​​​លំដោយពីគម្រោង ដើម្បី​បន្តអនុវត្តន៍​សកម្មភាព​ប្រកប​ដោយនិរន្តរភាព។

 

រយៈពេល នៃការអនុវត្តន៍គម្រោង ៖ ចាប់ពីខែមេសា​ ២០១២ ដល់ខែកុម្ភៈ ឆ្នាំ២០១៥ (រយៈពេល៣ឆ្នាំ)។

 

ទំហំ និងតំបន់គោលដៅ នៃគម្រោង

គម្រោងនឹងត្រូវអនុវត្តន៍នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុង​០៤ខេត្ត​​ ដែល​ស្ថិត​​ក្នុងតំបន់ជួរ​ភ្នំក្រវាញភាគខាងជើងរួមមានៈ ខេត្ត​កំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដែល​វា​អាច​រួមចំណែកជួយអន្តរាគមន៍​ដល់​តំបន់​ជួរ​ភ្នំក្រវាញ​ភាគខាងជើង ក្នុង​ការ​អភិរក្សតំបន់ការពារធម្មជាតិ និង​តំបន់​​ព្រៃឈើ​ការពារ។ តំបន់​​ការពារធម្មជាតិ​ គឺជាគោលដៅសម្រាប់ធ្វើការ​អភិវឌ្ឍ​​ ផែនការ​គ្រប់គ្រងសហ​គមន៍តំបន់​ការពារធម្មជាតិ ​រួមមាន​ដែន​ជម្រក​សត្វព្រៃភ្នំសំកុស និង ភ្នំឱរ៉ាល់។

 

ដៃគូអនុវត្តន៍ការងារ

គម្រោងអនុវត្តន៍ដោយអង្គការ RECOFTC ក្នុងភាពជា​ដៃគូ​ជាមួយ​អង្គការម្លប់បៃតង (Mlup Baitong) ដោយសហការយ៉ាងជិតស្និទ្ធ​ជាមួយ​​​រដ្ឋបាល​ព្រៃឈើ (ភាគី A) នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្ស​ធម្មជាតិ (ភាគី B)  ​​នៃក្រសួង​បរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនី​កម្ម និង​​សំណង (ភាគី C)   ហើយ​​សមាសភាគ​ទី២ នៃគម្រោងអនុវត្តន៍ ដោយ​​អង្គការ​ Geres។សមាសភាគទាំងពីរ នៃ​គម្រោង​មាន ការ​រួម​ចំណែក​គាំទ្រ​ថវិកាពី ForInfo/Finnish MFA ផងដែរ។