ក្រុមការងារ

ក្រុមការងារ

លោកស្រី ហ៊ូ កល្យាណ
អ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេស

 

លោកស្រី ហ៊ូ កល្យាណ មានបទពិសោធន៍ការងារក្នុងអង្គការជាតិ និងអង្គការអន្តរជាតិជាង ១៥ឆ្នាំទាក់ទងទៅនឹងការគ្រប់គ្រងធនធានធម្មជាតិក្នុងសហគមន៍មូលដ្ឋាន ការកសាងសមត្ថភាព និងការបណ្តុះបណ្តាល។ លោកស្រីបានចងក្រងឯកសារបណ្តុះបណ្តាល និងផ្តល់វគ្គ​បណ្តុះបណ្តាល ព្រមទាំងសិក្ខាសាលានានាដល់មន្រ្តីរាជរដ្ឋាភិបាល​ អង្គការសង្គមស៊ីវិល អាជ្ញាធរដែនដី និងសហគមន៍មូលដ្ឋាន។ លើសពីនេះទៀត លោកស្រីក៏មានជំនាញគ្រប់គ្រងដីធ្លី និងព្រៃឈើប្រកបដោយនិរន្តរភាព ការលើកកម្ពស់របរចិញ្ចឹមជីវិតរបស់ប្រជាហគមន៍ ការអភិរក្សជីវចម្រុះ អភិបាលកិច្ច​ សិទ្ធិកាន់កាប់ដី និងធនធាន ច្បាប់ និងបញ្ញាតិ្តនានាទាក់ទងទៅនឹងការអភិរក្សធម្មជាតិផងដែរ។ លោកស្រីហ៊ូ កល្យាណ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអភិវឌ្ឍ និងគ្រប់គ្រងបរិស្ថាន ពីសាកលវិទ្យាល័យជាតិអូស្រ្តាលី (Australia National University) និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តរុក្ខកម្ម ពីសាកលវិទ្យាល័យភូមិន្ទកម្មសិកម្មផងដែរ។ លោកស្រីក៏ជាសមាជិកសកម្មគាំទ្រដល់ក្រុមការងាររេដបូក (REDD+) និងជាតំណាងអង្គការអន្តរជាតិនៅក្នុងក្រុបប្រឹក្សាយោបល់រេដបូក។ 

លោក ហេង ដា
ជំនួយការអ្នកសម្របសម្រួលកម្មវិធីប្រចាំប្រទេស

 

លោក ហេង ដា បានប្រឡូកក្នុងការងារសម្របសម្រួលគម្រោងគ្រប់គ្រងធនធានធម្មជាតិក្នុងសហគមន៍មូលដ្ឋាន និងក្សេត្រសាស្រ្តនៅក្នុងប្រទេសកម្ពុជាជាង ២៥ឆ្នាំ។ លោកក៍មានបទពិសោធន៍បម្រើការងារក្នុងអង្គការជាតិ និងអន្តរជាតិក្នុងការបង្កើតសហគមន៍ព្រៃឈើ ការគ្រប់គ្រងព្រៃកោងកាង ការរៀបចំផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួម ការប្រកបរបរចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព កសិកម្ម និងជលវប្បកម្មផងដែរ។ លោកបានបញ្ចប់ការសិក្សាពីសាលាជាតិកសិកម្មព្រែកលៀប ផ្នែកវិទ្យាសាស្រ្តក្សេត្យសាស្រ្ត ព្រមទាំងបានឆ្លងការវគ្គបណ្តុះបណ្តាលថ្នាក់ជាតិ និងអន្តរជាតិជាច្រើនលើក។

លោក ឈ្នាង គីរីវុធ

អ្នកសម្របសម្រួលភាពជាដៃគូសហគមន៍ព្រៃឈើ

 

លោក ឈ្នាង គីរីវុធ បានឆ្លងកាត់បទពិសោធន៍ជាង ១០ឆ្នាំក្នុងការងារអភិវឌ្ឍគម្រោងគ្រប់គ្រងសហគមន៍ព្រៃឈើ និងធនធានធម្មជាតិ ក្នុងដំណើរការវិមជ្ឈការ និងវិសហម​ជ្ឈការ។ មុនពេលចូលបម្រើការងារជាមួយ រីខូហ្វ លោកធ្លាប់បានបម្រើកាងារក្នុងអង្គការជាតិ និងអន្តរជាតិជាច្រើនដូចជា៖ គម្រោងគ្រប់គ្រងធនធានធម្មជាតិ និងមុខរបរចិញ្ចឹងជីវិតក្នុងសហគមន៍ ក្នុងតួនាទីជាទីប្រឹក្សាបច្ចេកទេសប្រចាំខេត្ត  និង អង្គការ​ Concern World Wide ក្នុងតួនាទីជាអ្នកសម្របសម្រួលគម្រោងប្រចាំខេត្តកំពង់ឆ្នាំងជាដើម។ លោកបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់អភិវឌ្ឍជនបទ និងការគ្រប់គ្រងគម្រោង ពីសាកលវិទ្យាល័យ Build Bright University និង បរិញ្ញាបត្រវិទ្យាសាស្រ្តរុក្ខកម្ម ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

លោក តុល សុខជា
អ្នកសម្របសម្រួលកម្មវិធីបណ្តុះបណ្តាល

 

លោកតុល សុខជា មានបទពិសោធន៍ជិត១០ឆ្នាំ លើការកសាងសមត្ថភាព និងការសិក្សាស្រាវជ្រាវដោយអនុវត្តន៍ ទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍។ លោក តុល សុខជា មានចំណេះដឹងលើការងារសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍នេសាទ ដោយផ្តោតលើ បញ្ហាកម្មសិទ្ធិធនធាន សមធម៌សង្គម ការចិញ្ចឹមជិវិត ការគ្រប់គ្រងព្រៃឈើដោយនិរន្តភាព ការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀងជាដើម។ លោក តុល សុខជា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកស្រាវជ្រាវអភិវឌ្ឃន៍ បន្ទាប់ពីទទួលបានបរិញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រព្រៃឈើ និងបរិញ្ញាប័ត្រពាណិជ្ជសាស្រ្តផ្នែកគណនេ្យ។ លោកក៏បានទទួលសញ្ញាប័ត្រគ្រូបង្រៀនកម្រិតឧត្ត ពីវិទ្យសា្ថនជាតិអប់រំដែលជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់នៅកម្ពុជា ដែលបណ្តុះបណ្តាលគ្រូឧត្តមសិក្សា ពីវិធីសាស្រ្ត និងនិយាមគរុកោសល្យនៃការបង្រៀន។

លោកស្រី អ៊ឹម ​ម៉ារ៉ីឌី
មន្រ្តីបណ្តុះបណ្តាល

 

លោកស្រី អ៊ឹម ម៉ារ៉ីឌី បានប្រឡូកក្នុងការងារជាច្រើនទាក់ទងទៅនឹងការបង្កើត និងគ្រប់គ្រងសហគមន៍ព្រៃឈើ ការគ្រប់គ្រងធនធានធម្មជាតិក្នុងសហគមន៍មូលដ្ឋាន និងគម្រោងគ្រប់គ្រងការប្រើប្រាស់ ការស្រាវជ្រាវពីសិទ្ធិ និងការប្រើប្រាស់ព្រៃឈើ  ​និងការគ្រប់គ្រងអនុផលព្រៃឈើប្រកបដោយនិរន្តរភាព។​ មុនពេលចូលបំរើការងារជាមួយរីខូហ្វ លោកស្រីគឺជាទីប្រឹក្សាថ្នាក់ជាតិ ប្រចំាគម្រោងការកសាងសមត្ថភាពជំនាញគ្រប់គ្រងធនធានធម្មជាតិក្នុងសហគមន៍មូលដ្ឋាន នៃវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាល។ លោកស្រី អ៊ឹម ម៉ារ៉ីឌី បញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍជនបទ  និងសញ្ញាបត្ររុក្ខវប្បកម្មពីសាលាជាតិកសិកម្មព្រែកលៀប។ 

លោក ឆេង ចន្នី
មន្រ្តីទំនាក់ទំនង

 

លោកឆេង ចន្នីបានឆ្លងកាត់បទពិសោធន៍ជាង ៥ឆ្នាំ ក្នុងវិស័យទំនាក់ទំនង និងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរួមមានការផលិតឯកសារទំនាក់ទំនង ទំនាក់ទំនងសាធារណៈ ការផលិតករណីសិក្សា អត្ថបទព័ត៌មាន ការផលិតឯកសារវីដេអូរ និងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ។ លោកក៏មានបទពិសោធន៍បម្រើការងារនៅក្នុងស្ថាប័នសារព័ត៌មានក្នុងស្រុកមួយចំនួនផងដែរ។ ក្រៅពីនេះលោកក៏មានជំនាញទាក់ទងទៅនឹងការគ្រប់គ្រង់គេហទំព័រ បណ្តាញទំនាក់ទំនងសង្គម យុទ្ធនាការតស៊ូមតិ និងទំនាក់ទំងជាមួយសារព័ត៌មាន (ការសរសេរសេចក្តីប្រកាសព័ត៌មាន  សេចក្តីអញ្ជើញអ្នកសារព័ត៌មាន) ។ លោក ឆេង ចន្នី បញ្ចប់ការសិក្សាបរិញ្ញាបត្រគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ពីដេប៉ាតាម៉ង់សារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកស្រី ស៊ន ចាន់សី
មន្រ្តីគណនេយ្យ និង រដ្ឋបាល

 

លោកស្រី ស៊ន ​ ចាន់សី បានចាប់ផ្តើមការងារជាមួយអង្គការរីខូហ្វលើផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាល ចាប់តាំងពីឆ្នាំ២០០៧ នៅពេលរីខូហ្វបើកការិយាល័យរបស់ខ្លួនប្រចាំប្រទេសកម្ពុជាជាផ្លូវការ។​ លោកស្រីបានឆ្លងកាត់បទពិសោធន៍ការងារជាច្រើនទាក់ទងទៅនឹងការគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុទាំងក្នុងអង្គការសង្គមស៊ីវិល និងវិស័យឯកជននានា។  លោកស្រីធ្លាប់ជាសាស្រ្តា​ ចារ្យគណនេយ្យនៅតាមសាកលវិទ្យាល័យឯកជនមួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្ត។ លោកស្រី​​ ស៊ន ចាន់សី បានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងជំនួញ (MBA) និងបរិញ្ញាបត្រគណនេយ្យពីសាកលវិទ្យាល័យន័រតុន។

លោកស្រី តាន់ សេងហ៊ាន់
ជំនួយការមន្រ្តីគណនេយ្យ និង រដ្ឋបាល

 

លោកស្រី តាន់ សេងហ៊ាន់ បានចាប់ផ្តើមការងារដំបូងជាមួយរីខូហ្វ នៅឆ្នាំ២០១១ ក្នុងតួនាទីជាបុគ្គលិកគម្រោងគ្រប់គ្រងព្រៃឈើដោយនិរន្ដភាព និងការលើកកម្ពស់របរចិញ្ចឹម​ជីវិត​​នៅជនបទ តាមរយៈសហគមន៍​ព្រៃឈើ និងគំនិតផ្ដួចផ្ដើមអំពីការកាត់បន្ថយ ការបញ្ចេញឧស្ម័នដែលបណ្ដាលមកពីការបាត់បង់ និង​ការរេចរឹលព្រៃឈើនៅកម្ពុជា(SFMRLE)។ នៅឆ្នាំ ២០១៣ ក៏​បានក្លាយជាបុគ្គលិកស្នូលរបស់រីខូហ្វ។ លោកស្រី តាន់ សេងហ៊ាន់ មានជំនាញផ្នែកគណនេយ្យ និងរដ្ឋបាលដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យពីសាកលវិទ្យាល័យន័រតុន។