វគ្គបណ្តុះបណ្តាលស្ដីពី ”ការលើកកម្ពស់សមធម៌នៅក្នុងការគ្រប់គ្រងព្រៃឈើ និងដំណើរ ការរេដបូក” នៅថ្ងៃទី២០ ដល់២១ ខែតុលា បានផ្តល់ឱកាសដល់អ្នកសម្របសម្រួលសហគមន៍សំខាន់ៗចំនួន ២៣នាក់ ដែលក្នុងនោះមានស្រ្តីចំនួន៧នាក់ដើម្បីសិក្សាស្វែងយល់ពីសមធម៌ រួមទាំងបញ្ហាសមធម៌នៅតាមតំបន់គោលដៅរបស់ពួកគេ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សមធម៌ក្នុងការគ្រប់គ្រងព្រៃឈើ និង ដំណើរការរេដបូក ។ ក្នុងការសិក្សានោះពួកគេក៏បានពាំនាំនូវគោលគំនិតពីការសិក្សាទៅអនុវត្តក្នុងការងារជាក់ស្ដែង តាមរយៈដំណើរទស្សនៈកិច្ចសិក្សាទៅតំបន់សហគមន៍អេកូទេសចរណ៍ធម្មជាតិចំបក់។ ដូច្នេះ ពួកគេនឹងអាចយកចំណេះដឹងនឹងបទពិសោធន៍ដែលទទួលបានដើម្បីសម្របសម្រួលសហគមន៍ក្នុងការពង្រឹងសមធម៌នៅតាមតំបន់គោលដៅរបស់ពួកគ។ កញ្ញា គង់ សូផៃ អ្នកចូលរួមមកពីអង្គការពន្លកខ្មែរ នៅខេត្តព្រះវិហារបានចាប់អារម្មណ៍ថា “វគ្តបណ្តុះបណ្តាលនេះមិនត្រឹមតែធ្វើឲ្យនាងមានឱកាសជួបជាមួយអ្នកចូលរួមមកពីអង្គការនៅខេត្តផ្សេងៗដើម្បីពង្រឹងទំនាក់ទំនងនិងចែករំលែកបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងផ្តល់ឲ្យនាងនូវចំណេះដឹង ជំនាញផ្សេងៗ ។ ចំណេះដឹង និងជំនាញវាជាការសំខាន់ណាស់សម្រាប់ពួកយើងទាំងអស់គ្នាដែល ជាអ្នកសម្របសម្រួលនៅថ្នាក់មូលដ្ឋានដើម្បីអាចចូលរួមយ៉ាងសកម្មក្នុងការចងក្រង និងអនុវត្តគោលនយោបាយក្នុងបរិបទព្រៃឈើនិងរេដបូក ដើម្បើឲ្យមាន ភាពសមធម៌។” ចំណេះដឹង និងឱកាសសម្រាប់ការចូលរួម របស់សហគមន៍ មូលដ្ឋានមានសារៈសំខាន់ណាស់ ក្នុងការចូលរួមធ្វើការសម្រេចចិត្ត ដើម្បីធានាឱ្យបាននូវនិរន្តរភាព ។