សេចក្តីប្រកាសព័ត៌មាន

មន្រ្តីរដ្ឋាភិបាល និងអ្នកធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យព្រៃឈើ​មកពីជុំវិញ​ពិភពលោក ជួបជុំគ្នាក្នុងសមាជព្រៃឈើពិភពលោក នៅក្នុងទីក្រុងឌូបាន ប្រទេសអាហ្រិ្វកខាងត្បូង

ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥

ទីក្រុងឌូបាន ប្រទេសអាហ្រិ្វកខាងត្បូង - មន្រ្តីរដ្ឋាភិបាល និងអ្នកធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យព្រៃឈើ​មកពីជុំវិញ​ពិភពលោក នឹងជួបជុំគ្នាក្នុងសមាជព្រៃឈើពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឌូបាន ប្រទេសអាហ្រិ្វកខាងត្បូង ចាប់ពីថ្ងៃទី៧ ដល់១១ ខែកញ្ញា ឆ្នាំ២០១៥។ ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំអ្នក​ចូលរួមជាង ៤០០០នាក់ មកពីស្ថាប័នរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការវិនិយោគគាំទ្រវិស័យព្រៃឈើដែលជាផ្នែកមួយដ៏សំខាន់ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព។  

ប្រធានបទនៃសមាជនេះគឺ ព្រៃឈើ និងមនុស្ស៖ ការវិនិយោគទៅអនាគតប្រកបដោយនិរន្តរភាព ។ វេទិកានេះនឹងផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់ពិភាក្សាគ្នាដើម្បីរកមធ្យាបាយក្នុងការទាញយកសក្កានុពលរបស់ព្រៃឈើ ​​​ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជនបទ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ព្រមទាំងការបង្កើតបច្ចេកវិទ្យាថ្មីៗ និងការបង្កើតផលិតផលកកើតឡើង​វិញ។ រដ្ឋមន្រី្ត និងអនុរដ្ឋមន្រ្តី មកពីជុំវិញពិភពលោក នឹងចូលរួមជាមួយអ្នកដឹកនាំអង្គការជាតិ និងអន្តរជាតិ ព្រមទាំងប្រតិភូរាប់ពាន់នាក់នៅក្នុងសមាជនេះ ដែលរៀបចំឡើងក្នុងរយៈ ៦ឆ្នាំម្តង។ រដ្ឋមន្រី្ត និងអនុរដ្ឋមន្រ្តីចំនួន ២០រូប នឹងចូលរួមក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ក្នុងរបៀបវារៈសកល ដើម្បីស្វែងរកវិធីសាស្រ្តក្នុងការវិនិយោគទៅលើវិស័យព្រៃឈើ សហគមន៍ព្រៃឈើ ដែលជាការចូលរួមចំណែកដ៏សំខាន់នៅក្នុងការអនុវត្តគោលដៅអភិវឌ្ឍដោយចីរភាព។

សមាជក្នុងឆ្នាំនេះបានរៀបចំឡើងដោយប្រទេសអាហ្រិ្វកខាងត្បូង និងគាំទ្រដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ហើយជាលើកដំបូងដែលធ្វើឡើងនៅក្នុងទ្វីបអាហ្រិ្វកចាប់តាំងពីឆ្នាំ១៩២៦មក។ លោក Cycril Ramaposa អនុប្រធានាធិបតីនៃប្រទេសអាហ្រិ្វកខាងត្បូង ព្រះអង្គម្ចាស់ Laurant​ នៃប្រទេសបែលហ្សិក ឯកអគ្គរដ្ឋទូតពិសេសប្រចាំអង្គការ FAO ប្រធានគណៈកម្មាធិការសម្ព័ន្ធអាហ្វ្រិក នឹងចូលរួមជាវាគ្មិនក្នុងពេលបើកកម្មវិធីនៃសមាជនេះ។

លោក José Graziano da Silva ​អគ្គនាយកអង្គការ FAO នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នូវរបាយការណ៍ស្តីពីការវាយតម្លៃព្រៃឈើជាសកលចុងក្រោយ ដែលបង្ហាញអំពីការប្រែប្រួលព្រៃឈើពិភពលោកក្នុងរយៈពេល ២៥ឆ្នាំ​ចុងក្រោយ និងការបង្ហាញព័ត៌មានថ្មីៗស្តីពីស្ថានភាពនៃការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។

លទ្ធផលរបស់សមាជនេះ រួមជាមួយនឹងទស្សនវិស័យឆ្នាំ២០៥០ ត្រូវបានកំណត់ឡើង ដើម្បីពង្រឹងតួនាទីរបស់ព្រៃឈើ​ ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងត្រួសត្រាយផ្លូវទៅកាន់កិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាស​​​ធាតុ ក្នុងកិច្ចប្រជុំ UNFCCC COP21 នាទីក្រុងប៉ារីស ក្នុងខែធ្នូខាងមុខ។

លោកបណ្ឌិត Tin Lwin Thuang នាយកប្រតិបត្តិអង្គការរីខូហ្វ-មជ្ឍមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) បានមានប្រសាសន៍ថា៖ “វត្តមានរបស់អង្គការរីខូហ្វនៅក្នុងសមាជនេះ គឺដើម្បីធានាថា រាល់មតិយោបល់ ក្តីកង្វល់នានា និងដំណោះស្រាយផ្សេងៗរបស់ប្រជាជនមូលដ្ឋានបានឮដល់អ្នកធ្វើសេចក្តីសម្រេចចិត្តថ្នាក់ពិភពលោក។ ភាគីពាក់ព័ន្ធក្នុងវិស័យព្រៃឈើយល់ស្របគ្នា​​ទៅលើតម្រូវការនានាសម្រាប់ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ដូច្នេះគេត្រូវបន្តកិច្ចពិភាក្សាដើម្បីរកវិធីសាស្រ្តសម្រេចឱ្យបាន។ យើងដឹងថា មានប្រជាជនក្រីក្រជាង ៣៥០លាននាក់ទូទាំងពិភពលោករស់នៅអាស្រ័យ​ស្ទើតែទាំងស្រុងទៅលើព្រៃឈើ ក្នុងការទ្រទ្រង់ជីវិតរស់នៅរប​ស់ពួកគេ និងជាង ១,៦ពាន់លាននាក់ទៀតពឹងផ្អែកតិច ឬច្រើនទៅលើព្រៃឈើ។ នេះជាចំនួនដ៏ច្រើនដែលគេមិនត្រូវមើលរំលងឡើយ។ ប្រជាជនមូលដ្ឋានដែលរស់នៅក្នុងតំបន់ព្រៃគឺជាអ្នកដែលដឹងច្បាស់ជាងគេបង្អស់ពីស្ថានភាពព្រៃឈើរបស់ពួកគេ និងពួកគេបានចូលរួមគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពរាប់ទសវត្សរ៍មកហើយ។ នេះមានន័យថា មានប្រជាជនជាង ១,៦ពាន់លាននាក់រួចហើយដែលមានសក្តានុពលក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។ ប្រជាជនទាំងនេះគឺជាកំលាំងចលករដ៏សំខាន់ ដែលនាំទៅរកការផ្លាស់ប្តូរនៅក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងមានសមត្ថភាពគ្រប់គ្រាន់ ប្រសិនបើពួកគេត្រូវបានបញ្ចូលទៅក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងវិស័យព្រៃឈើ៑”។

ប្រតិភូមកពីអង្គការរីខូហ្វ នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះរួមមាន សហគ្រិនខ្នាតតូច  សមាជិកសហគមន៍ព្រៃឈើ និងជនជាតិដើមភាគតិច ដែលត្រូវបានជ្រើសរើសជាអ្នកតំណាងប្រចាំតំបន់តាមរយៈការបោះឆ្នោតពីសំណាក់អ្នកចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ដើម្បីត្រៀមខ្លួនចូល​​រួមក្នុងសមាជព្រៃឈើពិភពលោក (Pre-World Forestry Congress regional meeting in Asia)​ ដែលបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ កាលពីខែកក្កដា ឆ្នាំ២០១៥ កន្លងមក។ អ្នកជំនាញការសហគមន៍ព្រៃឈើចំនួន ៧រូប មកពីអង្គការរីខូហ្វ នឹងចូលរួមក្នុងសមាជនេះ ក្នុងសកម្មភាពសំខាន់ៗចំនួន ២៥ផ្សេងៗគ្នា រួមមានទាំងកម្មវិធីដែលរៀបចំ និងដឹកនាំដោយអង្គការរីខូហ្វផងដែរ។ សហគ្រិន​​ខ្នាតតូច សមាជិកសហគមន៍ព្រៃឈើ និងជនជាតិដើមភាគតិច នឹងធ្វើបទបង្ហាញអំពីទស្សនវិស័យនៅថ្នាក់មូលដ្ឋានរបស់ពួកគេ ក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព។ កម្មវីធីរបស់អង្គការរីខូហ្វនេះ ធ្វើឡើងក្រោមប្រធានបទ “ខ្ញុំដើម្បីព្រៃឈើ”  (I am the Forest) ដែលនឹងប្រារព្ធនៅថ្ងៃទី៨ ខែកញ្ញា ចាប់ពីម៉ោង ១៨.១៥-១៩.៣០ល្ងាច នៅក្នុងបន្ទប់ប្រជុំឈ្មោះ 11 CDE ក្នុងទីក្រុងឌូបាន។ សូមចូលទៅកាន់គេហទំព័រនេះសម្រាប់ព័ត៌មានបន្ថែម៖ http://www.recoftc.org/events/recoftc-wfc2015​​


សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង

  • ប្រទេសកម្ពុជា
    លោក ឆេង ចន្នី មន្រ្តីទំនាក់ទំនង ប្រចាំអង្គការរីខូហ្វកម្ពុជា 
    ទូរស័ព្ទលេខ៖ (855) 92 ​354 ​670 អ៊ីម៉ែល៖ chheng.channy@recoftec.org
  • ទីក្រុងបាងកក
    លោក Jeph Oro មន្រ្តីទំនាក់ទំនង ប្រចាំអង្គការរីខូហ្វ
    ទូរស័ព្ទលេខ៖ +66 (0)80 897 2125 អ៊ីម៉ែល៖ jephraim.oro@recoftc.org  (ភាសាអង់គ្លេស)
  • ទីក្រុងឌូបាន
    លោកស្រី Caroline Liou  អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង ប្រចាំអង្គការរីខូហ្វ
    ទូរស័ព្ទលេខ៖ +66 (0)86 067 3228  អ៊ីម៉ែល៖ caroline.liou@recoftc.org  (ភាសាអង់គ្លេស)

ព័ត៌មានបន្ថែម

  • ព័ត៌មានបន្ថែមសូមចូលទៅកាន់ XIV World Forestry Congress, www.fao.org/about/meetings/world-forestry-congress/en/  និង  www.wfc2015.org.za/
  • សាវតាទាក់ទងទៅនឹងមនុស្ស និងព្រៃឈើក្នុងតំបន់អាស៊ី - ការវិនិយោគទៅលើធនធានមនុស្ស និងសង្គម​​គឺជាផ្នែកមួយដ៏សំខាន់នៃការវិនិយោគក្នុងធនធានធម្មជាតិ និងការធានានិរន្តរភាពនៅពេលអនាគត៖ មនុស្សជាង ៤៥០លាននាក់នៅក្នុតតំបន់អាស៊ី-ប៉ាស៊ីហិ្វក​ ពឹងផ្អែកមួយផ្នែកទៅលើព្រៃឈើក្នុងការទ្រទ្រង់ជីវភាពដូចជា អុសដុត ប្រភពអាហារ និងអនុផលផ្សេងៗទៀត ព្រមទាំងសេវាកម្មបរិស្ថានផ្សេងទៀតដូចជា ទឹក  ជីវចម្រុៈ និងការអភិរក្សវប្បធម៌ជាដើម។ បើទោះបីជាមានការអភិវឌ្ឍវិជ្ជមានក៏ដោយ ព្រៃឈើនៅតែទទួលរងការរេចរឹលដ៏ធ្ងន់ធ្ងរ និងប្រឈមទៅនឹងការកែប្រែដីព្រៃសំរាប់ការប្រើប្រាស់ផ្សេងៗ។​ កត្តាទាំងនេះបង្កើតឱ្យមានមានផលប៉ះពាល់អវិជ្ជមានទៅលើប្រជាជនមូលដ្ឋាន ជាពិសេសប្រជាជនក្រីក្រ ព្រមទាំងប្រទេសជាតិ និងពិភពលោកទាំងមូលផងដែរ ដូចជាការប្រែប្រួលអាកាសធាតុជាដើម។

ដូច្នេះហើយការជម្រុញឱ្យប្រជាជនក្រីក្រមានលទ្ធភាព​ក្នុងទាញយកធនធានពីធម្មជាតិមកប្រើប្រាស់ប្រកបដោយនិរន្តរភាពមានសារៈសំខាន់ខ្លាំងណាស់។ ការបង្កលទ្ធភាពដល់សហគមន៍មូលដ្ឋាន តាមរយៈការយកចិត្តទុកដាក់ទៅលើសិទ្ធក្នុងការកាន់កាប់ និងបទដ្ឋានច្បាប់សមស្រប រួមជាមួយនឹងក្រមខណ្ឌការងារដែលគាំទ្រទៅដល់ការសម្រេចបានការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព គឺជាចំនុចសំខាន់។

ការបង្កើតសហគមន៍ព្រៃឈើគឺជាជម្រើសដ៏មានប្រសិទ្ធភាពមួយដើម្បីចូលរួមចំណែកទប់ស្កាត់ការបាត់បង់ និងរេចរឹលព្រៃឈើ ព្រមទាំងលើកកម្ពស់ការអភិរក្ស និងការស្ដារព្រៃឈើឡើងវិញ។ យន្តការនេះបានចូលរួមលើកកម្ពស់សិទ្ធ អភិបាលកិច្ច និងការទាញយកផលប្រយោជន៍ពីសំណាក់ប្រជាជនមូលដ្ឋាន និងសហគ្រិនខ្នាតតូច  ក្នុងការទ្រទ្រង់ការរស់នៅ​ និងសុវត្តិភាពស្បៀង។ ការគាំទ្រគោលនយោ​បាយថ្នាក់ជាតិទៅលើយន្តការនេះមានការកើនឡើងនៅក្នុងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមជាមួយនឹងការយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពពីស្ថាប័នជាតិ និងអន្តរជាតិ។ ព័ត៌មានបន្ថែម៖ www.recoftc.org.

News Type: